អត្ថបទថ្មីៗ

​ប្រជាជន​នៅ​អរិយ​ក្សត្រ​​​រំភើប​ចិត្ត​ខ្លាំង​ ពេល​ឮ​គម្រោង​សង់​ស្ពាន​ភ្ជាប់​ទៅ​ក្ដី​តាកុយ

​ប្រមុខ​រាជ​រដ្ឋាភិបាល​ទើប​បាន​​ប្រកាស​ថ្មី​ៗ​ពី​គម្រោង​ ក្នុង​ការ​សាង​សង់​ស្ពាន​ពីរ​បន្ថែម​ទៀត​​គឺ​ពី​ជ្រោយ​ចង្វា​ ទៅ​ស្វាយជ្រំ ​និង ​មួយ​​ទៀត​​​ពី​​អរិយក្សត្រ​​ទៅ​ក្ដី​តាកុយ​។​ ដំណឹង​មួយ​នេះ​​បាន​ធ្វើ​ឲ្យប្រជាជន​ដែល​រស់​នៅ​​ និង ធ្វើ​ដំណើរ​នៅ​តំបន់​​អរិយ​ក្សត្រ​​​មាន​​អារម្មណ៍​​រំភើប​​ជា​ខ្លាំង​។​​
តំបន់ក្ដីតាកុយ និង​អរិយក្សត្រ​​
​​ជាក់ស្ដែង​ លោក​ សែម​ មករា​ ដែល​​​​​ជា​ជាង​សំណង់​មួយ​រូប​នៅ​​ទី​ក្រុង​រណប​កោះ​ពេជ្រ​ និង ​មាន​ទី​លំនៅ​នៅ​ម្ដុំ​អរិយ​ក្សត្រ​បាន​សំដែង​ក្ដី​រំភើប​​យ៉ាង​ខ្លាំង​ នៅ​ពេល​​​លឺ​ថា​ ​រដ្ឋាភិបាល​គ្រោង​នឹង​សាង​សង់​ស្ពាន​​មួយ​ពី​​អរិយ​ក្សត្រ​ទៅ​ក្ដី​តាកុយ​។​​ លោក​បាន​បញ្ជាក់​ថា​វា​នឹង​​បង្ក​​លក្ខណៈ​ងាយ​ស្រួល​ ទៅ​មក​ឆាប់រហ័ស​ និង មាន​សុវត្ថិភាព​​ចំពោះ​ប្រជាជន​ដែល​ឆ្លង​ទៅ​ ឆ្លង​មក​ដើម្បី​ចូល​ក្រុង​ភ្នំពេញ​​ទៀត​ផង​។​
ប្រជាជននៅអរិយក្សត្រ​​
ចំណែកលោក​ រស់​ សារ៉ុម​​ ដែល​​មាន​មុខ​របរ​​រត់​​ម៉ូតូ​ឌុប​​នៅ​អរិយ​ក្សត្រ​វិញ​បាន​អោយ​ដឹង​ថា​ លោក​​ត្រូវ​ដឹក​ម៉ូយ​​ឆ្លង​សាឡាង​មិន​តិច​ជាង​១០​ជើង​នោះ​ទេ​ក្នុង​មួយ​ថ្ងៃ​ ដូច​នេះ​ប្រសិន​បើ​មាន​ស្ពាន​មួយ​ឆ្លង​កាត់​ជំនួស​វិញ​ នោះ​​គឺ​នឹង​ជួយ​​កាត់​បន្ថយ​ការ​ចំណាយ​របស់​លោក​​បាន​ច្រើន​ជាក់​ជា​មិន​ខាន​។​ ជាពិសេស​គឺ​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​​មក​ណា​​​ នឹង​បាន​​​​រហ័ស​​​​ទាន់​ចិត្ត​។​​
ប្រជាជននៅអរិយក្សត្រ​​
មិនខុសគ្នា​ប៉ុន្មានដែរ​ អ្នក​មីង​​ស្រី​តូច​ ដែល​ជា​អាជីវករ​លក់​មាន់​អាំង​​នៅ​អរិយ​ក្សត្រ​ផង​ដែរ​នោះ​​ មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង​​ប្រសិន​បើ​រដ្ឋាភិបាល​សាង​សង់​ស្ពាន​នៅ​ទី​នោះ​។​ អ្នក​ស្រី​បន្ត​ថា​​ ​កាល​ណា​មាន​ស្ពាន​គឺ​នឹង​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​​ចុះ​ឡើង​ចូល​ក្រុង​ភ្នំពេញ​​ ​ពិសេស​​ពេល​ឈឺ​ថ្កាត់​យប់​ព្រលប់​ជា​ដើម​។​ មិន​តែ​ប៉ុណ្ណោះ​​ វា​​​ក៏​នឹង​មាន​ភ្ញៀវ​ធ្វើដំណើរអ៊ូអរ​ជាង​មុន​ផង​ដែរ​ ​ដែល​នាំ​​អោយ​ការ​រកស៊ី​របស់​អ្នក​ស្រី​​​អាច​លក់​ដាច់​ជាង​មុន​​ទៀត​ផង​។​​​​​​​​​​​​​​​